រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣០» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
សូមជម្រាបជូនថា ផែនការសកម្មភាពអនុវត្តគោលនយោបាយ ស្ដីពីការផ្ដល់អាហារតាមសាលារៀនដំណាក់កាលទី១ (២០២៤-២០៣០) ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសទាក់ទងនឹងការអប់រំ អាហារូបត្ថម្ភ និងការលុបបំបាត់ភាពក្រីក្រ ដោយបន្ស៉ីទៅនឹងអាទិភាពនានា នៃកម្មវិធីអភិវឌ្ឍផ្សេងទៀតផងដែរ។
ផែនការសកម្មភាពអនុវត្តគោលនយោបាយនេះ នឹងបង្ហាញផ្លូវជាក់លាក់ សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យពាក់ព័ន្ធ ក្នុងការសហការយ៉ាងមានប្រសិទ្ធភាព ដើម្បីធានាថា សិស្សានុសិស្ស ជាពិសេសកុមារ ដែលកំពុងស្ថិតក្រោមស្ថានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង បានទទួលអាហារតាមសាលារៀនទៀងទាត់ ប្រកបដោយគុណភាព និងសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពអនុវត្តគោលនយោបាយ ស្ដីពីការផ្ដល់អាហារតាមសាលារៀន មានការអញ្ជើញចូលរួមពីលោកស្រីនាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍ សរុបបើចំនួន ១៨០រូប។