រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានជួបគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានសមាគមមិត្តភាពកម្ពុជា–ហ្វូគូស៊ីម៉ា នៃប្រទេសជប៉ុន ដើម្បីសម្តែងការគួរសម និងពិភាក្សាលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រួមមាន ការអភិវឌ្ឍសេវាសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍វេជ្ជសាស្ត្រ និងការពង្រឹងគុណភាពសេវាព្យាបាល។ គណៈប្រតិភូជប៉ុនបានបង្ហាញឆន្ទះយ៉ាងមុតមាំ ក្នុងការសិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ និងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ភាគីជប៉ុន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការចូលរួមវិនិយោគពីដៃគូអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាបច្ចេកទេស និងសិក្សាលម្អិតលើលទ្ធភាពកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។