រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានអញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមពាណិជ្ជកម្ម និងវិនិយោគ លើកទី១៣ រវាងកម្ពុជា-សហភាពអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ជាសហប្រធានដឹកនាំកិច្ចប្រជុំ។
នេះគឺជាកិច្ចប្រជុំក្រុមការងារមួយ នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាសហភាពអឺរ៉ុបលើកទី១៣ បានប្រព្រឹត្តទៅក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយ សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយសហភាពអឺរ៉ុប ដើម្បីជំរុញការវិនិយោគបន្ថែមមកកម្ពុជា និងពង្រីកការនាំចេញពីកម្ពុជា ទៅសហភាពអឺរ៉ុប ជាពិសេសការគាំទ្ររបស់សហភាពអឺរ៉ុបដល់កម្ពុជា ក្នុងការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ខាងមុខ។
ភាគីកម្ពុជាបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះការគាំទ្រ និងជំរុញការវិនិយោគនៅកម្ពុជា ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សន៍ចុងក្រោយនេះ និងស្នើសុំសហភាពអឺរ៉ុបបន្តពង្រឹង និងពង្រីកទាំងការវិនិយោគ និងជំរុញការនាំចេញពីកម្ពុជា ទៅអឺរ៉ុបកាន់តែខ្លាំងថែមទៀត។
ភាគីអឺរ៉ុបក៏បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ ឈានទៅដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ទោះបីជាមានបញ្ហាប្រឈមតិចតួចក៏ដោយ ជាពិសេស កម្ពុជាតែងតែចូលរួមដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាសំណូមពរ របស់វិនិយោគិនសហភាពអឺរ៉ុប ដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រតិភូសហភាពអឺរ៉ុប សរុបចំនួន ៥០រូប។