Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិនិត្យឡើងវិញ នូវការឆ្លើយតបមរណភាពមាតា និងទារក (MPDSR) ដើម្បីពង្រឹងគុណភាពសេវាសង្គ្រោះជីវិត សម្រាប់ឆ្នាំ ២០២៦
ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំ ស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR)»។ 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង សម្រាប់ថ្នាក់ដឹកនាំ និងអ្នកបម្រើសេវាសុខាភិបាល ទូទាំងប្រទេស រួមគ្នាពិភាក្សាលើផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងឆ្នាំ ២០២៥ កន្លងទៅ។

សមិទ្ធផល និងវឌ្ឍនភាព ក្នុងនាមជាក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ MPDSR គ្រប់កម្រិត ដែលបានអនុវត្តពិធីសារថ្មីនៅទូទាំងប្រទេស។ ជាលទ្ធផល អត្រាមរណភាពមាតា ដែលបានរាយការណ៍ មានការថយចុះគួរឱ្យកត់សម្គាល់ ពី៧៩ ករណីក្នុងឆ្នាំ ២០២៤ មកត្រឹម ៤៦ ករណីក្នុងឆ្នាំ ២០២៥។ ទោះជាយ៉ាងណា លោកជំទាវបានសង្កត់ធ្ងន់ថា យើងមិនត្រូវធ្វេសប្រហែសឡើយ និងត្រូវបន្តវិភាគលើករណីមរណភាពមាតា និងទារក ដើម្បីកែលម្អសេវាឱ្យកាន់តែប្រសើរ។

អង្គសិក្ខាសាលាបានកំណត់យកអាទិភាពសំខាន់ៗចំនួន ៣ ដើម្បីឆ្លើយតបចំពោះចំណុចខ្វះខាតរួមមាន៖ (១)ការពង្រឹងប្រព័ន្ធបញ្ជូន (ការពន្យារពេលទី ៣)៖ បង្កើតយន្តការទំនាក់ទំនងរហ័សរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យ (Pre-referral communication) និងធានាឱ្យមានឧបករណ៍ ថ្នាំពេទ្យគ្រប់គ្រាន់ក្នុងរថយន្តសង្គ្រោះ ដើម្បីរក្សាស្ថេរភាពអ្នកជំងឺ (២)ការគ្រប់គ្រងផ្នែកគ្លីនិក (PPH)៖ ជំរុញការអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) សម្រាប់ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល និងការប្រើប្រាស់អេកូសាស្ត្រឱ្យបានត្រឹមត្រូវ និង (៣)ការអប់រំសហគមន៍ (ការពន្យារពេលទី ១)៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញឱ្យស្ត្រីមានផ្ទៃពោះ ទៅទទួលសេវាពិនិត្យផ្ទៃពោះ (ANC) យ៉ាងហោចណាស់ ៤ដង។

ជាចុងក្រោយ លោកជំទាវសាស្រ្តាចារ្យ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ រួមមាន UNFPA KOFIH និងអង្គការផ្សេងទៀត ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គ្រោះជីវិតមាតា និងទារកនៅកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមផ្ទាល់សរុប ចំនួន ២៧០រូប (ស្រ្តី ៦៦រូប) និងចូលរួមតាមប្រព័ន្ធនិម្មិត ចំនួន ៣០០០រូប ពីមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19