Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីប្រធានបទ ការយល់ដឹង និងការអភិវឌ្ឍកិច្ចសហការឆ្លងវិស័យដើម្បីដោះស្រាយការគំរាមកំហែង ពីជំងឺរាតត្បាតជាសកល
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖  នារសៀលថ្ងៃពុធ ទី២៥​ ខែមីនា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីប្រធានបទ ការយល់ដឹង និងការអភិវឌ្ឍកិច្ចសហការឆ្លងវិស័យដើម្បីដោះស្រាយការគំរាមកំហែង ពីជំងឺរាតត្បាតជាសកល។ 

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖​

១) បង្ហាញ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការរកឃើញសំខាន់ៗនៃការសិក្សាជាមួយអ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធមកពីវិស័យសុខភាពសាធារណៈ ពេទ្យសត្វ បរិស្ថាន និងវិស័យឯកជន ដោយផ្តោតលើលំហូរព័ត៌មានឆ្លងវិស័យសម្រាប់ការគ្រប់គ្រងជំងឺឆ្លង និងការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត។ 

២) សម្របសម្រួលកិច្ចសន្ទនា ​ស្តីពីផលប៉ះពាល់សម្រាប់គោលនយោបាយ និងការអនុវត្ត រួមទាំងរបៀបដែល ការចែករំលែកទិន្នន័យ តួនាទីស្ថាប័ន និងយន្តការសម្របសម្រួលក្រៅផ្លូវការ អាចត្រូវបានពង្រឹងនៅក្នុងបរិបទអភិបាលកិច្ចដែលមានស្រាប់របស់កម្ពុជា។ 

៣) កំណត់សកម្មភាពអាទិភាព និងជំហានបន្ទាប់ដែលអាចអនុវត្តបាន ដើម្បីបង្កើនកិច្ចសហការ ការជឿទុកចិត្ត និងការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលាឆ្លងវិស័យ ស្របតាមបរិបទសុខភាពតែមួយ (One Health) និងគោលដៅត្រៀមខ្លួនថ្នាក់ជាតិ។ 

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីមេរៀនជាក់ស្តែងមួយដែលទទួលបានពីជំងឺរាតត្បាត នៃវីរុសកូវីដ-១៩ ដែលប្រទេសកម្ពុជាបាន​បង្ហាញពីភាពធន់ក្នុងការឆ្លើយតបវិបត្តន៍នៃបញ្ហាសុខភាពជាសកល ហើយលទ្ធផលនៃជោគជ័យមួយនេះអាចកើតឡើងបាន ស្របពេលដែលយើងមានសកម្មភាពចំរុះ និងរួបរួមគ្នាដ៏គួរឱ្យកត់សំគាល់។ 

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើទឺកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្ថែមទៀតក្នុងការស្វែងយល់ និងដេញដោលលើរបកគំហើញនៃការសិក្សាស្រាវជ្រាវបានបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីប្រមូលគំនិតនវានុវត្តន៍ថ្មីៗបន្ថែមទៀតសម្រាប់ក្នុងការកំណត់ឧបសគ្គសំខាន់ៗ ដើម្បីរកដំណោះស្រាយឈានទៅរកការអនុវត្តឱ្យបានកាន់តែប្រសើរឡើង។ 

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការរៀបចំឡើងតាមទម្រង់ហាយប្រ៊ីត (Hybrid) ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត។ ក្នុងនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជ. សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ និងក្រុមការងារស្រាវជ្រាវ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ អ្នកស្រាវជ្រាវពី London School of Hygien and Tropical Medicin តំណាងមន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ (NAHPRI) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត មន្ទីរពិសោធន៍ឯកជន និងមន្ទីរពេទ្យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13