Cambodia
ព័ត៌មានលំអិត

Image
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

សូមជម្រាបជូនថា ផែនទីបង្ហាញផ្លូវ ស្ដីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០២៥-២០៣០ លើកទី២ នេះ នឹងបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះបដិវត្តកម្មប្រព័ន្ធស្បៀង រួមបញ្ជូលមេរៀនបទពិសោធន៍ និងភស្តុតាងថ្មីៗ ចាប់តាំងពីឆ្នាំ២០២១ ព្រមទាំងឆ្លើយតបទៅនឹងអាទិភាព ដែលកំពុងកើតឡើង ដូចជាផលប៉ះពាល់បរិស្ថានពីប្រព័ន្ធស្បៀង ឌីជីថលនីយកម្មនៅក្នុងប្រព័ន្ធស្បៀង ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃបរិស្ថានស្បៀង ការបង្កើនភាពមានស្បៀង និងការទទួលបានស្បៀង ការផ្លាស់ប្ដូរចំពោះការប្រើប្រាស់ បរិភោគភេសជ្ជៈ និងអាហារដែលមិនល្អចំពោះសុខភាព ប្រព័ន្ធស្បៀងនៅទីប្រជុំជន ការបញ្ជូលមីក្រូសារជាតិ ក្នុងចំណីអាហារ និងជលផលប្រកបដោយចីរភាព។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានអ្នកចូលរួមមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល សមាគមពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងសុខភាព តំណាងវិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុបចំនួន ៥០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9