រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូមកពីមន្ទីរពេទ្យកាល់ម៉ែតដឹកនាំគណៈប្រតិភូជំនាញផ្នែកអាហារូបត្ថម្ភមក ពីប្រទេសប៊ែលហ្សិក និងបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើគម្រោងសាងសង់ផ្នែកសេវាម្ហូបអាហារព្យាបាល ដែលជាផ្នែកចាំបាច់ក្នងការថែទាំព្យាបាលអ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដូចជាសង្គ្រោះបន្ទាន់កម្រិតធ្ងន់ វះកាត់ធ្ងន់ មហារីកកម្រិតធ្ងន់ជាដើម។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើប្រធានបទ “ការព្យាបាលដោយអាហារូបត្ថម្ភ ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់អ្នកជំងឺ (prise en charge nutritionnelle)។ ការអភិវឌ្ឍន៍លើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងគម្រោងសាងសង់ផ្នែកសេវាម្ហូបអាហារព្យាបាលនេះ នឹងជាការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលបន្ថែមថ្មីមួយទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយត្រូវខិតខំបន្តពង្រីកធនធានមនុស្សជំនាញផ្នែកអាហារូបត្ថម្ភសម្រាប់គ្រប់មូលដ្ឋានសុខាភិបាល។