រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ស្តីពីសមធម៌សុខភាពសម្រាប់ជនមានពិការភាព និងការស្តារនីតិសម្បទា ក្នុងវិស័យសុខាភិបាល»។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពិភាក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធលើសកម្មភាពអាទិភាព ដើម្បីធានាឱ្យគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនេះ មានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព ស្របតាមបទដ្ឋានអន្តរជាតិ និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព សមស្របទៅនឹងបរិបទជាក់ស្តែង របស់ជនមានពិការភាពនៅកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកអំពីទិសដៅនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រព័ន្ធសុខាភិបាល ដើម្បីធានាឱ្យប្រជាពលរដ្ឋទូទៅទទួលបានសេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ និងបន្តប្រកបដោយគុណភាព រួមមានសេវាបង្ការ ការអប់រំសុខភាព ការលើកកម្ពស់សុខភាព ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការស្តារនីតិសម្បទា តាមគ្រប់កម្រិតសេវាសុខាភិបាល ស្របតាមបទដ្ឋានបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥–២០៣៤ ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាសុខភាព ប្រកបដោយគុណភាព ដោយគ្មានការលំបាកផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីមូលហេតុបង្កឱ្យមានពិការភាពនៅកម្ពុជា រួមមាន របួសគ្រប់ប្រភេទ ជាពិសេសពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជំងឺឆ្លង និងជំងឺមិនឆ្លង ដូចជា ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ព្រមទាំងករណីពិការភាពពីកំណើត។ ដូច្នេះ អ្នកជំងឺត្រូវការសេវាថែទាំពេញលេញ ចាប់ពីដំណាក់កាលបឋម រហូតដល់ការស្តារនីតិសម្បទា នៅគ្រប់កម្រិតមន្ទីរពេទ្យ។
សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធរួមមាន នាយកដ្ឋាន និងមជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិធំៗ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការវិទ្យាស្ថានជាតិស្ថិតិ មន្ទីរសុខាភិបាលរាជធានី ខេត្តចំនួន ១៥ ព្រមទាំងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ រួមមាន អង្គការសុខភាពពិភពលោក (WHO), CHAI និង DFAT/ACCESS និងតំណាងសហគមន៍ជនមានពិការភាព សរុបចំនួន ៨២រូប។