រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាគណៈប្រឹក្សាយោបល់ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» អមដោយព្រឹត្តិការណ៍ពិសេសនានា ប្រកបដោយគុណតម្លៃ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះ ដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។
នៅក្នុងទិវានេះ ក្រសួងសុខាភិបាល បានចូលរួមដាក់តាំងបង្ហាញនូវវីដេអូ និង Poster លើប្រធានបទ៖ ទំនើបកម្មសុខាភិបាលឌីជីថល ក្នុងវិស័យសុខាភិបាល រួមមាន៖
-ប្រព័ន្ធកត់ត្រា និងគ្រប់គ្រងទិន្នន័យ ចំនួន០៩៖ ប្រព័ន្ធHMIS, CCFKH, EIR, NCD-EMR, PHFMIS, CamLIS, Malaria MIS, National Prevention System និង NBTC Blood Bank
-ឧបករណ៍ធ្វើរោគវិនិច្ឆ័យ និងតាមដានព្យាបាល ចំនួន០៦៖ ម៉ាស៊ីនថតសួតឌីជីថលជាមួយបញ្ញាសិប្បនិម្មិត(AI), ម៉ាស៊ីន Bi-plane Angiography, ERCP ម៉ាស៊ីនអង់ដូស្កូប-ម៉ាក្រូស្កូប, ម៉ាស៊ីន CT Scan TrueBeam/MRI Simulation, ម៉ាស៊ីនបញ្ចាំងកាំរស្មីប្រើបច្ចេកទេស VMAT/SBRT និងម៉ាស៊ីនស្អំភ្នែក Nebulizer។
ការរៀបចំទិវាជាតិនេះឡើង គឺជាការបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ និងជំរុញនវានុវត្តន៍ជាតិ។
ទិវានេះ មានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់២៨ ខែមីនា ឆ្នា២០២៦ ដោយការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។