ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង គោលនយោបាយ និងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០ ក្រោមការឧបត្ថម្ភគាំទ្រដោយ កម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នៅសណ្ឋាគារខេមរ៉ា ខេត្តកំពត។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងធានា ប្រព័ន្ធ កម្មវិធី និងសេវាកម្មសុខាភិបាល មានលក្ខណៈរួមបញ្ចូល សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការចម្រុះ របស់ស្ត្រី បុរស ជនពិការ ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះដទៃទៀត។ បន្ថែមពីនេះ ដើម្បីប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកែលម្អ និងសម្រេចបាន សេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនេះ។
លទ្ធផលដែលរំពឹងទុក នៃវគ្គសិក្ខាសាលារួមមាន៖
-ទទួលបានទិដ្ឋភាពទូទៅច្បាស់លាស់ នៃដំណើរការរៀបចំផែនការយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍បានបង្កើតការយល់ដឹងរួមគ្នាអំពីសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០
-អនុសាសន៍រួម ដើម្បីពង្រឹងការបញ្ជ្រាបយេនឌ័រ ក្នុងអភិបាលកិច្ចវិស័យសុខាភិបាល ការបម្រើសេវា និងការអភិវឌ្ឍកម្លាំងពលកម្ម
-ការឈានទៅដល់ការព្រមព្រៀងគ្នា លើជំហានបន្ទាប់សម្រាប់ការបញ្ចប់ និងការអនុម័តគោលនយោបាយ
-ពង្រឹងភាពជាដៃគូរវាងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី បានរំលឹកបន្ថែមថាយុទ្ធសាស្ត្រ នេះមានសារៈសំខាន់ដោតផ្តោតលើ កម្លាំងពលកម្មសុខាភិបាល និងសហគមន៍ទាំងអស់ ត្រូវបានបង្កើនសមត្ថភាព និងពង្រឹងអំណាចក្នុងការចូលរួម ដើម្បីធានាថា សេវាសុខាភិបាលត្រូវបានចូល និងដំណើរការដោយសមធម៌ និងប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព។ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ មានគោលបំណងចម្បងក្នុងការកសាងកម្លាំងសុខាភិបាល ឲ្យមានភាពចម្រុះ និងឆ្លើយតបនឹងយេនឌ័រ។ ការផ្តល់អំណាចដល់សហគមន៍ក្នុងការចូលរួមសម្រេចចិត្ត និងការធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលដោយសមធម៌។
សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះមានសមាសភាពចូលរួមប្រមាណ ៣៣រូប ស្រ្តី ២០រូប រួមមាន៖ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងកិច្ចការនារី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទីភ្នាក់ងារជាតិបញ្ជក់ចំណាយ ក្រុមការងារ GMAG នៃក្រសួងសុខាភិបាល តំណាងនាយកដ្ឋាន និងមជ្ឈមណ្ឌលជាតិនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តរតនគីរី ត្បូងឃ្មុំ និងកំពង់ស្ពឺ បាត់ដំបង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ បាត់ដំបង និងកំពង់ចាម និងដៃគូអភិវឌ្ឍន៍ (ភ្នាក់ងារអង្គការសហប្រជាជាតិ អ្នកផ្តល់ជំនួយទ្វេភាគី អង្គការមិនមែនរដ្ឋាភិបាល)។