ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្របច្ចេកទេសការបម្រើសេវាពិនិត្យ ព្យាបាលជំងឺ ជាពិសេស នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកក្រឡាញ់ និងមន្ទីរពេទ្យបង្អែកអង្គរជុំ ដើម្បីពិនិត្យអំពីលំហូរ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដានៃប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណងចម្បងនៃការចុះអភិបាល៖
-ពិនិត្យប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ដើម្បីធានាបានថា មានភាពរហ័ស និងប្រសិទ្ធភាព
-ការត្រួតពិនិត្យនីតិវិធីបញ្ជូន ដើម្បីធានាបានថាមានភាពរលូន និងសុវត្ថិភាព
-ការពិនិត្យសម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះបន្ទាន់ និងអាគារមន្ទីរពេទ្យ ដើម្បីធានាបានថាអាចដំណើការបានប្រកបដោយប្រសិទ្ធភាព
-ពង្រឹងសមត្ថភាពបច្ចេកទេស ដែលបានបណ្តុះបណ្តាល ក្លាយការអនុវត្តន៏ជាក់ស្តែង។
ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ បានណែនាំឱ្យមានការពង្រឹងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងសេវាសង្គ្រោះបន្ទាន់ ឲ្យមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលា ដើម្បីរួមចំណែកពង្រឹងគុណភាពសេវាសុខាភិបាល កាន់តែប្រសើរ។
ក្រុមការងារបានសង្កេតឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ មានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញឆន្ទៈចូលរួមយ៉ាងសកម្ម ក្នុងការកែលម្អការបម្រើសេវា ជាពិសេស បានបង្ហាញពីស្មារតីតស៊ូ អំណត់ និងការលះបង់ខ្ពស់របស់មន្ត្រីសុខាភិបាលនៅជួរមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ការចុះពិនិត្យនេះ មានការសម្របសម្រួលពី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប អនុប្រធានស្រុកប្រត្តិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក និងក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់ព្រមជាមួយគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យជាតិ ព្រះអង្គដួង។