Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥-២០២៦ នៃកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងរបស់គម្រោងJICA នៅក្នុងខេត្តកំពង់ចាម
ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងបានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជារបស់គម្រោង JICA។ ដោយគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងនេះកំពុងអនុវត្តនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១,កម្រិត២ និងកម្រិត៣ ក្នុងខេត្តកំពង់ចាម ដែលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការJICA។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យមើលលទ្ធផលការងារក្នុងឆ្នាំ២០២៤ កន្លងមក និងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥-២០២៦របស់គម្រោងJICA។

នៅក្នុងជំនួបកិច្ចពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងអង្គការJICA ជាពិសេសផ្នែកជំងឺមិនឆ្លងដែលកំពុងបានអនុវត្តនៅក្នុងខេត្តកំពង់ចាមនាពេលកន្លងមក និងសកម្មភាពនាពេលបន្តបន្ទាប់ខាងមុខ កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងជាអទិភាពចម្បងរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ។

ក្រុមការងារអង្គការJICA បានធ្វើបទបង្ហាញ និងបានលើកយកផែនការអនុវត្តសម្រាប់ឆ្នាំ២០២៥-២០២៦ ដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងនាយកដ្ឋានជំនាញ ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងក្នុងឆ្នាំ២០២៥-២០២៦ខាងមុខ។

ក្នុងជំនួបកិច្ចប្រជុំមានការអញ្ជើញចូលរួមពី Dr. Haruyama Rei ព្រមទាំងសហការរីតំណាងអង្គការJICA ប្រធាននិងអនុប្រធាននាយកដ្ឋានការពារសុខភាព ប្រធានការិយាល័យនិងបុគ្គលិកពាក់ព័ន្ធនៃនាយកដ្ឋានការពារសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5