Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យមណ្ឌលសុខភាពចំនួន៨ និងប៉ុស្តិ៍សុខភាព១ (ជុំទី៣) នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន៨ និងប៉ុស្តិ៍សុខភាព១ (ជុំទី៣ )នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ 

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះក្រុមការងារបានជួបប្រជុំ និងមានការចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៩ចំណុច៖ 

១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព

២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស

៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ

៤-ការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង

៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព

៨-ជំរុញមណ្ឌលសុខភាពឱ្យមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ

៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេសនិងប្រព័ន្ធឌីជីថល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  

គួរបញ្ជាក់ផងដែរថា មូលដ្ឋានដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពផ្សារដើមថ្កូវ ទួលស្វាយព្រៃ ៧មករា ដូនពេញ ទួកគោក ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី (ក្រោមការគ្រប់គ្រងរបស់មណ្ឌលសុខភាពផ្សារដើមថ្កូវ) ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ និងមណ្ឌលសុខភាពជ្រោយចង្វារ គីឡូម៉ែត្រលេខ៩ គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13