រសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបក្រុមការងារមន្ទីរពេទ្យ Tenon (APHP) និងសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស ដឹកនាំដោយ លោកស្រីសាស្ត្រាចារ្យ Veronique Phe តាមប្រព័ន្ធនិម្មិត។
ក្នុងជំនួបនេះ មានក្នុងគោលបំណងពិភាក្សាលើការសហការអនុវត្តគម្រោង “Santé pelvienne uro-gynécologique de la femme au Cambodge” ក្រោមមូលនិធិគាំទ្រពី Fondation Pièrre Fabre ដែលជាគម្រោងយកចិត្តទុកដាក់លើបញ្ហា មួយចំនួនរួមមាន៖ ១)Incontinence urinaire ២)Prolapsus ៣)Fistule Obstétricales et reconstructive chirurgicale។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ការផ្ទេរចំណេះដឹងផ្នែកវេជ្ជសាស្ត្រឯកទេស ព្រមទាំងលទ្ធភាពក្នុងការបណ្តុះបណ្តាលវេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាយិកា បង្កើតប្រព័ន្ធសេវាព្យាបាល ដែលសមស្របនឹងស្ថានភាពនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ មន្ទីរពេទ្យ Tenon និងសាកលវិទ្យាល័យ Sorbonne ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា។ ក្រសួងនឹងបន្តជំរុញកិច្ចសហការនេះឱ្យមានប្រសិទ្ធភាពជាក់ស្តែង ស្របតាមយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យ និងតំណាងពីនាយកដ្ឋាន និងអង្គភាព ក្រោមឱវាទក្រសួងសុខាភិបាល។