រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ លើកទី៣ ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យវឌ្ឍនភាព នៃការប្រមូលទិន្នន័យមន្ទីរពិសោធន៍ទូទាំងប្រទេស និងការអនុម័តលើ «លក្ខណៈវិនិច្ឆ័យអប្បបរមាទាំង ៧» ដើម្បីវាយតម្លៃ និងទទួលស្គាល់មន្ទីរពិសោធន៍វិភាគម្ហូបអាហារផ្លូវការ ក្នុងគោលដៅធានាថាការវិភាគគុណភាព និងសុវត្ថិភាពម្ហូបអាហារ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងអាចជឿទុកចិត្តបានស្របតាមស្តង់ដា។
ក្នុងនាមជាតួអង្គដ៏សំខាន់មួយក្នុងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ក្រសួងសុខាភិបាលបានចូលរួមសហការយ៉ាងសកម្ម ដើម្បីរួមចំណែកផ្តល់សេវាវិភាគម្ហូបអាហារប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការងារយ៉ាងស្អិតរមួតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍នៅកម្ពុជា ធានាបាននូវការការពារសុខភាពសាធារណៈ ស្របតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។