រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីទំនាក់ទំនង ប្រកបដោយគុណភាពរបស់គិលានុបដ្ឋាក-ឆ្មប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងសម្រាប់គិលានុបដ្ឋាក-យិកា និងឆ្មប ដែលមកពីមន្ទីរពេទ្យព្រះអង្គឌួង និងតាមប្រព័ន្ធនិម្មិតសម្រាប់គិលានុបដ្ឋាក-យិកា និងឆ្មប មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងបី គឺខេត្តតាកែវ កំពត និងខេត្តកែប។
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល។ ការថែទាំអ្នកជំងឺមិនមែនមានតែត្រឹមការផ្តល់ថ្នាំ ឬការព្យាបាលតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែអ្វីកាន់តែសំខាន់បំផុតនោះ គឺការទំនាក់ទំនងប្រកបដោយគុណភាព និងសុវតិ្ថភាព។
លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា ការយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើអ្នកជំងឺជាចម្បង គឺជាបេះដូងនៃវគ្គបណ្តុះបណ្តាលនេះ គោលបំណងសំខាន់គឺ ដើម្បីធានាថារាល់ការសម្រេចចិត្តក្នុងការអនុវត្តការងាររបស់គិលានុបដ្ឋាក-យិកា និងឆ្មប ធ្វើឡើងដើម្បីឧត្តមប្រយោជន៍ និងសុវតិ្ថភាពរបស់អ្នកជំងឺ។
ក្នុងរបៀបវារៈនាថ្ងៃនេះ យើងនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ឯកសារថែទាំ និងបែងចែកអ្នកជំងឺ ឯកសារថែទាំសម្រាប់ឆ្មប គឺជាការកត់ត្រាទុកនូវរាល់សកម្មភាពថែទាំ ស្ថានភាពសុខភាពមាតា ទារក គឺធានានូវការតាមដានតាមលក្ខណៈវិទ្យាសាស្រ្ត និងជាភស្តុតាងក្នុងការងារវិជ្ជាជីវៈ។ ការទាក់ទងប្រកបដោយគុណភាព គឺជាកត្តាសំខាន់មួយដែលជួយធានាបាននូវសុវត្ថិភាព អ្នកជំងឺ និងការថែទាំប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងល្អរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ក៏ដូចជាការសហការល្អក្នុងក្រុមការងារព្យាបាល អាចជួយកាត់បន្ថយកំហុសក្នុងការព្យាបាល បង្កើនការយល់ចិត្ត និងការជឿទុកចិត្តរបស់អ្នកជំងឺ និងគ្រួសារ ហើយនាំឱ្យមានលទ្ធផលព្យាបាលកាន់តែប្រសើរ។
ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឱ្យកាន់តែទំនើប និងមានគុណភាព ការពង្រឹង សមត្ថភាពវិជ្ជាជីវៈ និងជំនាញទំនាក់ទំនងរបស់គិលានុបដ្ឋាក និងឆ្មប គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការបម្រើសេវាសុខាភិបាល ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានមនុស្សធម៌។