រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ជាមួយប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សា និងតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ការងារយេនឌ័រ និងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាពរួមមាន៖
-ការពិនិត្យឡើងវិញនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការពង្រឹងភាពធន់នៃវិស័យសង្គមកិច្ចក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលសកល
-ការរៀបចំផែនការគម្រោងហិរញ្ញប្បទាន និងជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២៦-២០២៩ ដោយផ្តោតជាយុទ្ធសាស្ត្រលើការរៀបចំ គម្រោងសន្តិសុខសុខភាពដំណាក់កាលទី២ (Health Security Project - Phase II) ដើម្បីធានានិរន្តរភាពនៃសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក
-ការបន្តពង្រឹងប្រព័ន្ធសុខាភិបាលថ្នាក់ក្រោមជាតិ
-ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលសុខាភិបាល
-ការលើកកម្ពស់សន្តិសុខសុខភាព ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ និង
-ការលើកកម្ពស់បរិយាបន្ន និងការបញ្ជ្រាបយេនឌ័រ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាល នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្តលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។