កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់ ប៉ាស៊ីហ្វិក
--
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃអង្គារទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់ប៉ាស៊ីហ្វិក( Asia-Pacific Regional Mid-term Review of the Doha programme of Action for the Least Developed countries) ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់កម្ពុជា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច ក្នុងរយៈពេល ៥ឆ្នាំកន្លងមក និងស្វែងរកវិធានការ និងយុទ្ធសាស្រ្តថ្មី ដើម្បីជម្រុញដល់ការអនុវត្តកម្មវិធីសកម្មភាពដូហា ឱ្យទទួលបានជោគជ័យ។
សូមជម្រាបថា កម្មវិធីដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច ជាផែនការគ្រប់ជ្រុងជ្រោយរយៈពេល ១០ឆ្នាំ (២០២២-២០៣១) ដែលអនុម័ត និងដាក់ចេញឱ្យអនុវត្ត ដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២២ និងជាការប្តេជ្ញាចិត្តរួមរបស់សហគមន៍ពិភពលោក តាមរយៈការពង្រឹងភាពធន់ ការពង្រីកឱកាស និងការគាំទ្រដល់ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចប្រកបដោយចីរភាព និងមិនត្រឡប់ក្រោយ។ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច និងមួយចំនួនទៀតនឹងចាកចេញនាពេលខ្លីខាងមុខ ដែលក្នុងនោះ កម្ពុជាគ្រោងនឹងចាកចេញនៅក្នុងឆ្នាំ២០២៩។
កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) និងការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS) គណៈកម្មាធិការជាតិអេស្កាប់កម្ពុជា និង មានការចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង UN និងជាប្រធាន UN-ESCAP, លោកជំទាវ Rabab Fatima អគ្គលេខាធិការរង UN និងជាតំណាងជាន់ខ្ពស់ការិយាល័យ UN-OHRLLS, ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងមកពីប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) បង់ក្លាដេស ឡាវ នេប៉ាល់ ទីម័រឡេស្តេ ប្រទេសកោះសូឡូមុន និងកោះទូវ៉ាលូ ឧត្តមមន្ត្រី មន្ត្រីជំនាញ អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ផងងដែរ។