រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាផែនការសកម្មភាពជាអាទិភាពសំរាប់ឆ្នាំ ២០២៦ ដែលនឹងត្រូវអនុវត្តក្រោមកម្មវិធី “UHC Knowledge Hub”។
កិច្ចពិភាក្សានេះ បានផ្តោតលើជំហានសំខាន់ៗ និងវិធីសាស្រ្តក្នុងការកំណត់កញ្ចប់តាវកាលិកសម្រាប់ការគ្របដណ្តប់សុខភាពជាសកល (UHC Benefit Packages) ដែលផ្តោតលើសេវាសុខាភិបាល ជាអាទិភាព សម្រាប់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាដែលលក្ខណៈសារវ័ន្ត និងគ្រប់ជ្រុងជ្រោយទៅតាមកម្រិតនៃការថែទាំ និងព្យាបាល។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល នាយកដ្ឋានសហប្រតិបត្តិការគូភាគី លេខាធិការដ្ឋានអនុគណៈកម្មការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនឹងអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក និងអ្នកជំនាញ នៃធនាគារពិភពលោក។