រាជធានីភ្នំពេញ៖ រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកជំងឺមហារីកមាត់ស្បូន បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលថ្នាក់ជាតិ ស្តីពី ការគ្រប់គ្រង និងព្យាបាលជំងឺមហារីកមាត់ស្បូន តាមវិធីសាស្ត្រ Colposcopy, Thermal Ablation, LEEP និងការផ្ដល់ប្រឹក្សា អំពីជំងឺមហារីកមាត់ស្បូន ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧នាក់។
វគ្គបណ្តុះបណ្តាល មានរយៈពេល ៣ថ្ងៃត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹក និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងអំឡុងពេល ៣ថ្ងៃ នៃវគ្គបណ្តុះបណ្តាល បេក្ខជនទទួលបានការរំលឹកចំណេះដឹងទ្រឹស្តី និងអនុវត្តជាក់ស្តែង អំពីការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការផ្ដល់ប្រឹក្សាដល់អ្នកជំងឺ ដោយផ្អែកលើស្តង់ដាវិជ្ជាជីវៈ និងគោលការណ៍ណែនាំជាតិ។
លទ្ធផលនៃវគ្គបណ្តុះបណ្តាល បានបង្ហាញថា អ្នកចូលរួមមានចំណេះ ជំនាញ និងទំនុកចិត្ត ក្នុងការអនុវត្តន៍ការងារពាក់ព័ន្ធនឹងការព្យាបាល ដោយប្រើ Colposcopy, Thermal Ablation, LEEP និងការផ្ដល់ប្រឹក្សាអំពីជំងឺមហារីកមាត់ស្បូន និងអាចបន្តចែករំលែកចំណេះដឹងទៅកាន់មន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកជំទាវសាស្ត្រាចារ្យ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាគន្លឹះទីមួយ ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ផ្នែកជំងឺមហារីកមាត់ស្បូន ដើម្បីចូលរួមកាត់បន្ថយអត្រាជំងឺ និងមរណភាព ពីជំងឺមហារីកមាត់ស្បូននៅកម្ពុជា តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក ៩០-៧០-៩០។
ការពង្រឹងចំណេះដឹង និងជំនាញដែលទទួលបាន នឹងត្រូវបានយកទៅអនុវត្តន៍ និងបន្តចែករំលែក ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល និងចូលរួមកាត់បន្ថយជំងឺមហារីកមាត់ស្បូន នៅសហគមន៍ ក្នុងការរកឱ្យឃើញ (Screening) និងព្យាបាលឱ្យបានទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមយ៉ាងសកម្មពីលោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីមន្ទីរពេទ្យជាតិ អង្គភាពពាក់ព័ន្ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍សុខាភិបាល។