ថ្ងៃអង្គារ៥រោច ខែ ចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង២:០០នាទី រសៀល ក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៥០ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រា្តចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកយកបទបង្ហាញស្តីពីការលើកកំពស់វិជ្ជាជីវៈសុខាភិបាល តាមច្បាប់ ក្រមសីលធម៌ និងស្តង់ដា ដើម្បីសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាមកចែករំលែក។ បទបង្ហាញនេះ បានរំលេចពីគោលការណ៍ចម្បងនៃក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល កាតព្វកិច្ចគោរពច្បាប់ និងបទដ្ឋានវិជ្ជាជីវៈ របស់អ្នកវិជ្ជាជីវៈ ការពង្រឹងគុណភាព និងសុវត្ថិភាពសេវា ការគោរពសិទ្ធ និងភាពថ្លៃថ្នូររបស់អ្នកជំងឺ ការកាត់បន្ថយកំហុសនិងបាតុភាពអវិជ្ជមាន និងការបង្កើនទំនុកចិត្តសាធារណៈមកលើសេវាសុខាភិបាល។
បន្ទាប់ពីបទបង្ហាញខាងលើ គណៈឱសថការី គណៈទន្តពេទ្យ គណៈឆ្មប និងគណៈគិលានុប្បដ្ឋាក ក៏បានចូលរួមធ្វើបទអន្តរាគមន៍ លើការគ្រប់គ្រងក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ នៅក្នុងជំនាញនីមួយៗ និងជំរុញឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងសាធារណៈ និងឯកជនរួបរួមគ្នាជ្រោងវិស័យសុខាភិបាល ឱ្យកាន់តែមានភាពប្រសើរឡើង។
ជាកិច្ចបន្ត ក្រុមការងារមន្ទីពេទ្យបង្អែកជើងព្រៃ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានធ្វើបទបង្ហាញ PDIA លើការតាមដានលទ្ធផលមន្ទីរពិសោធន៍ បង្កើនគុណភាពថែរទាំ។ ក្រុមការងារក៏បានបង្ហាញពីសមិទ្ធផលជាវិជ្ជមាន ក្នុងការប្រើប្រាស់លទ្ធផលតេស្តពីមន្ទីរពិសោធន៍ និង បន្តកែលម្អទំនាក់ទំនងរវាង គ្រូពេទ្យ គិលានុបដ្ឋាក និងអ្នកមន្ទីរពិសោធន៍បន្ថែមទៀត។