Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គសន្និសិទនៃការថែទាំ ស្តីពីតួនាទីគិលានុបដ្ឋាក ក្នុងប្រព័ន្ធសុខាភិបាល
ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “សន្និសីទនៃការថែទាំ ស្តីអំពីតួនាទីគិលានុបដ្ឋាក និងឆ្មបក្នុងប្រព័ន្ធសុខាភិបាល” នៅមន្ទីរពេទ្យព្រះអង្គឌួង។

សន្និសិទនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងកំណត់ទិសដៅអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ដើម្បីជំរុញវិស័យថែទាំឱ្យកាន់តែរីកចម្រើន៖

១-ការពង្រឹងជំនាញឯកទេស៖ ផ្ដោតសំខាន់លើផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ (Critical Care) ដែលជាផ្នែកយុទ្ធសាស្ត្រមិនអាចខ្វះបានក្នុងមន្ទីរពេទ្យ

២-ការអភិវឌ្ឍវឌ្ឍនភាពវិជ្ជាជីវៈ៖ ជំរុញឱ្យគិលានុបដ្ឋាកអភិវឌ្ឍខ្លួន ពីអ្នកអនុវត្តតាមវេជ្ជបញ្ជា ទៅជាអ្នកឯកទេសគ្លីនិក អ្នកអប់រំ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ

៣-កិច្ចសហការអន្តរវិស័យ៖ ការរួមគ្នាដោះស្រាយបញ្ហាប្រឈម នៃកម្លាំងពលកម្ម ក្នុងក្របខ័ណ្ឌសុខាភិបាលជាតិ

៤-ការអនុវត្តស្តង់ដាអន្តរជាតិ៖ ការបញ្ចូលគ្នារវាងបទពិសោធន៍សកលពីក្រុមអ្នកជំនាញ SingHealth ជាមួយនឹងអាទិភាពយុទ្ធសាស្ត្ររបស់កម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យជំនាញ SingHealth ពីប្រទេសសិង្ហបុរី ដែលបានចែករំលែកបទពិសោធន៍លើការអប់រំតាមរយៈការធ្វើត្រាប់ (Simulation Based Education) និងការជួយវាយតម្លៃសមត្ថភាពគិលានុបដ្ឋាកនៅផ្នែកសង្គ្រោះបន្ទាន់ (ER) ផ្នែកសង្គ្រោះជំងឺធ្ងន់ (ICU) និងផ្នែកសង្គ្រោះទារក (NICU) ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងគោលដៅធានាបាននូវការថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាល ជឿជាក់ថាលទ្ធផលនៃសន្និសីទនេះ នឹងក្លាយជាទុនចំណេះដឹងដ៏សំខាន់សម្រាប់សិក្ខាកាមទាំងអស់ សម្រាប់យកទៅអនុវត្តផ្ទាល់ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា អង្គសន្និសីទនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីបណ្ឌិត Tracy Carol Ayre ប្រធានគិលានុបដ្ឋាយិកានៃក្រុម SingHealth តំណាងនាយកដ្ឋានសេវាសុខភាព ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀតមកពីប្រទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងប្រធានថែទាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនទន ១៥៥រូប និងសម្របសម្រួលដោយការិយាល័យគិលានុបដ្ឋាក និងឆ្មប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15