កិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្វែងរកធាតុចូលដើម្បីឆ្លើយតបទៅនឹងលក្ខខ័ណ្ឌតម្រូវ របស់ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃមូលនិធិសកល (Technical Review Panel – TRP) សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០២៤ ដល់ ២០២៦
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនានា ដែលបាននិងកំពុងអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ដើម្បីស្វែងរកធាតុចូល ឆ្លើយតបទៅនឹងលក្ខខ័ណ្ឌតម្រូវ របស់ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃមូលនិធិសកល មានដូចជា៖
• ធ្វើការវាយតម្លៃរហ័ស (Rapid assessment) ដើម្បីពិនិត្យលទ្ធភាព និងសមត្ថភាព ក្នុងការធ្វើកិច្ចសន្យា (Contract out) ជាមួយអ្នកអនុវត្តគម្រោងមិនមែនជាស្ថាប័នរដ្ឋ (Non-State Actors) ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីធានាការផ្តល់សេវា បង្ការ ថែទាំ និងព្យាបាលអ្នកជំងឺអេដស៍ និងរបេង។
• រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីធានានិរន្តរភាព នៃធនធានមនុស្សរបស់អង្គការសង្គមស៊ីវិល ដែលកំពុងអនុវត្តកម្មវិធីអេដស៍ និងរបេង។
លទ្ធផល នៃកិច្ចប្រជុំ :
1. ធ្វើការវាយតម្លៃរហ័ស (Rapid assessment) តាមកម្មវិធីនីមួយៗរៀងខ្លួន លើការពិនិត្យលទ្ធភាព និងសមត្ថភាព ក្នុងការធ្វើកិច្ចសន្យា (Contract out) ក្រោយមានការសំរេចពី ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
2. រៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ស្នើសុំថវិកាបដិភាគនៃរាជរដ្ឋាភិបាល ឱ្យបានច្បាស់លាស់ និងដោយការសន្សំសំចៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលជំនួយនៃមូលនិធិសកល មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ មន្ត្រីគម្រោងមូលនិធិសកល ព្រមទាំងដៃគូអភិវឌ្ឍន៍រួមមាន៖ WHO, UNIADS និងUSAID។