ខេត្តកំពង់ឆាំ្នង៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន៩ នៅខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៨ចំណុច៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម
៤-លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំអ្នកជំងឺ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពពាមឆ្កោក ព្រៃគ្រី ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងមណ្ឌលសុខភាពកោះថ្កូវ អំពិលទឹក កំពង់ត្រឡាចលើ ច្រេស សាលាលេខប្រាំ លង្វែក ស្វាយ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង។