ខេត្តព្រៃវែង៖ ពីថ្ងៃទី៧ ដល់ទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ដឹកនាំដោយ ឯកឧត្តមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ រួមជាមួយឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានចុះទៅពិនិត្យ គាំទ្រ និងពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៦ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង រួមមានមន្ទីរពេទ្យបង្អែកពាមជរ មន្ទីរពេទ្យបង្អែកអ្នកលឿង មន្ទីរពេទ្យបង្អែកមេសាង មន្ទីរពេទ្យបង្អែកបាភ្នំ មន្ទីរពេទ្យបង្អែកព្រះស្តេច និងមន្ទីរពេទ្យបង្អែកកំពង់ត្របែក។
ការចុះពិនិត្យនេះ ធ្វេីឡេីងដេីម្បីជួយគាំទ្រ ជំរុញលេីកទឹកចិត្ត និងពង្រឹងការបម្រើសេវាថែទាំ ពិនិត្យ ព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលផ្តោតសំខាន់លើ៧ចំណុចរួមមាន៖
១-ហេដ្ឋារចនាសម្ព័ន្ធ
២-ធនធានមនុស្ស
៣-សេវាសុខាភិបាល ជាពិសេសសង្គ្រោះបន្ទាន់ ប្រព័ន្ធបញ្ជូន បន្ទប់ថតឆ្លុះ មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់ឆ្លងទន្លេ ព្រមទាំងផ្នែកទន្តសាស្ត្រ
៤-ឧបករណ៍ បរិក្ខារ និងឱសថ
៥-ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦-ការលើកកម្ពស់គុណភាពសេវា
៧-លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែង បម្រើសេវាថែទាំ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។