Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ខេត្តកំពត-កែប លើកទី១៧
ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦

ខេត្តកំពត៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ច្បាប់ ស្តីពីអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ បទដ្ឋានវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈ រួមជាមួយនឹងទិវាការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ពីតួនាទីសំខាន់របស់ គណៈគ្រូពេទ្យកម្ពុជា ក្នុងការគ្រប់គ្រង និងធានាគុណភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ តាមរយៈការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណ ការកំណត់បទដ្ឋានវិជ្ជាជីវៈ ការត្រួតពិនិត្យការអនុវត្ត និងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីធានាថាគ្រូពេទ្យមានសមត្ថភាព និងសុចរិតភាពក្នុងការបម្រើសង្គម។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលផ្អែកលើគោលការណ៍ដាក់ផលប្រយោជន៍អ្នកជំងឺជាចម្បង មិនបង្កគ្រោះថ្នាក់ គោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិសម្រេចរបស់អ្នកជំងឺ ព្រមទាំងមានភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈ។ ជាមួយគ្នានេះ គ្រូពេទ្យត្រូវគោរពដែនកំណត់វិជ្ជាជីវៈ ដោយអនុវត្តការងារតាមសមត្ថភាព និងបញ្ជូនអ្នកជំងឺទៅអ្នកជំនាញសមស្របនៅពេលចាំបាច់ ដើម្បីធានាសុវត្ថិភាពអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកំពត–កែប បានបង្ហាញរបាយការណ៍សង្ខេបពីលទ្ធផលការងារក្នុងអាណត្តិ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយបានចុះបញ្ជីអ្នកប្រកបវិជ្ជាជីវៈចំនួន ៣៧០នាក់ និងផ្តល់អាជ្ញាបណ្ណចំនួន ៣៤៧នាក់។ ក្រុមប្រឹក្សាក៏បានរៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពថ្មី ប្រជុំវាយតម្លៃការងារ ផ្សព្វផ្សាយព័ត៌មាន និងរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ រួមទាំងការរៀបចំ ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ចំនួន ២ដងក្នុងមួយឆ្នាំ។

លោកឱសថការី លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្ត តែងសម្របសម្រួលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ដើម្បីធានាការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវ។ មន្ទីរសុខាភិបាលខេត្ត បានអនុវត្តការត្រួតពិនិត្យជាប្រចាំលើនិតិសម្បទាវិជ្ជាជីវៈ ការអនុវត្តនីតិវិធីវេជ្ជសាស្ត្រ ដែនកំណត់វិជ្ជាជីវៈ និងការគោរពបទដ្ឋានបច្ចេកទេស ព្រមទាំងពិនិត្យលិខិតអនុញ្ញាតបើកសេវាសុខាភិបាលឯកជន និងអាជ្ញាបណ្ណវិជ្ជាជីវៈ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានអំពាវនាវដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តគោរពច្បាប់ អនុវត្តក្រមសីលធម៌ គោរពដែនកំណត់វិជ្ជាជីវៈ និងលើកកម្ពស់ភាពជាអ្នកមានវិជ្ជាជីវៈ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព និងមានសមធ៌ម។

សូមបញ្ជាក់ថា ទិវានេះមានអ្នកចូលរួមផ្ទាល់ចំនួន ១៨៩រូប និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ១០០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8