រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ ២០២៦ នៅមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «តម្រូវការឆ្មបបន្ថែម ១ លាននាក់ ក្នុងពិភពលោក (One Million More Midwives)»។
ទិវានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ គឺ៖ ១)អបអរសាទរ និងលើកកម្ពស់វិជ្ជាជីវៈឆ្មប ២)បង្កើនការវិនិយោគលើការបណ្តុះបណ្តាលឆ្មបទាំងមុនពេល និងក្នុងពេលបម្រើការងារ ៣)លើកកម្ពស់ភាពជាអ្នកដឹកនាំ តួនាទី សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឆ្មប ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក និង៤)ពង្រឹងបណ្តាញឆ្មបទាំងក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍។
កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គការ UNFPA និងស្ថាប័នពាក់ព័ន្ធនានា ដោយមានរបៀបវារៈសំខាន់ៗ និងមានការអានសារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍សំណេះសំណាល ដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានមានប្រសាសន៍ដើម្បីឱ្យទិវាកាន់តែមានអត្តប្រយោជន៍ដល់អ្នកចូលរួម បន្ថែមប្រធានបទបច្ចេកទេសចំនួន ២ គឺ៖ ការគ្រប់គ្រងផ្ទៃពោះមានហានិភ័យ និងបទពិសោធន៍ពីការគ្រប់គ្រង និងដឹកនាំនៅតាមមណ្ឌលសុខភាព។
តាមរយៈទិវានេះ ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា និងទារក ស្របតាមទស្សនៈដែលថា ឆ្មបគឺជាអ្នកដឹកនាំ ដែលមានឥរិយាបទល្អ មានសមត្ថភាពខ្ពស់ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការនាំមកនូវសុវត្ថិភាពជូនមាតា និងទារកគ្រប់ស្ថានភាព។