រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ សម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី ក្នុងព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំបង្កើតកម្រិតថែទាំព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំព្យាបាលទារកថ្នាក់ជាតិ។
គោលបំណងនៃអង្គប្រជុំគឺ ដើម្បីចូលរួមពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំព្យាបាលទារកថ្នាក់ជាតិ ទៅតាមកម្រិត CPA1 CPA2 និងCPA3 ដែលជាផែនការសកម្មភាពមួយក្នុងផែនទីបង្ហាញផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក (២០២៥-២០៣០) របស់ក្រសួងសុខាភិបាល ឱ្យសម្រេចបានតាមផែនការនៅឆ្នាំ២០៣០។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាស្រ្តដល់ក្រុមការងារដូចខាងក្រោម៖
១.យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកជំងឺជាចំបង ជាពិសេសពង្រឹងគុណភាពនៃការថែទាំមុនសម្រាល និងក្រោយសម្រាល
២.ថ្នាក់ដឹកនាំតាមផ្នែកទារក កុមារ និងមន្ទីរពេទ្យ គួររៀបចំផែនការដើម្បីដាក់ស្នើរឧបករណ៏ចាំបាច់សម្រាប់ថែទាំ និងសង្គ្រោះទារក
៣.រៀបចំបញ្ជូនបុគ្គលិកមកទទួលការបណ្តុះបណ្តាល នៅមន្ទីរពេទ្យសម្ពន័មេត្រី ឬមន្ទីរពេទ្យជាតិ ពីការថែទាំព្យាបាលទារក។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតជំនាញ ទារក និងកុមារ និង តំណាងអង្គការ JICA សរុបចំនួន ២៨រូប។