ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគ.ត.ផ.ហ.ក និងឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.ត.ផ.ហ.ក.។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់លេខាធិការដ្ឋាន នៃគ.ត.ផ.ហ.ក. ដែលបានអនុវត្តកន្លងមក និងពិនិត្យពិភាគ្សាលើ ៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួល អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ត.ផ.ហ.ក.ស្របតាមខ្លឹមសារលិខិតលេខ១៨០២ សជណ.ពទ ចុះថ្ងៃទី១២ខែវិច្ឋិកាឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង សេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គ.ត.ផ.ហ.ក.។