រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាព ចំនួន១១ និងប៉ុស្តិ៍សុខភាព១ (ជុំទី៣) នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំ និងមានការពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ ដើម្បីពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រងការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម
៤-ការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
៨-ជំរុញមណ្ឌលសុខភាពឱ្យមានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម(បសសនិង មូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង១១ និងប៉ុស្តិ៍សុខភាព១ ដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពពោធិ៍មង្គល សំរោង ពញាពន់ ពន្សាំង គោករកា ប៉ុស្តិ៍សុខភាពអណ្ដូងថ្មីរុងរឿង (ក្រោមការគ្រប់គ្រងរបស់មណ្ឌលសុខភាពគោករកា) ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ និងមណ្ឌលសុខភាពអន្លង់ក្ងាន ឱកាសខ្ញុំ ឃ្មួញ ភ្នំពេញថ្មី ក្រាំងធ្នង់ ទឹកថ្លា ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។