Cambodia
ព័ត៌មានលំអិត

Image
ការចុះពង្រឹងគុណភាព ការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពថែមទៀត
ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

កិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដើម្បីពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលផ្តោតលើចំណុចគន្លឹះចំនួន ៥ ដូចខាងក្រោម៖

១) លើកទឹកចិត្តមន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវយកទឹកចិត្តទុកដាក់ និងមានក្រមសីលធម៌។ លោកជំទាវ បានជំរុញឱ្យមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងបម្រើសេវាពិនិត្យ និងព្យាបាលឱ្យកាន់តែប្រសើរ។ ទោះបីស្ថិតក្នុងស្ថានភាពមមាញឹក ឬមានអ្នកជំងឺច្រើនកុះករយ៉ាងណាក៏ដោយ បុគ្គលិកត្រូវរក្សាទឹកមុខញញឹមរាក់ទាក់ជានិច្ច ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកប្រពោធនកម្ម (ICU) ។

២) មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបម្រើសេវាដោយសមធម៌ និងមិនរើសអើង គោលការណ៍ "សមធម៌" ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់ ដោយបម្រើសេវាជូនអ្នកជំងឺគ្រប់រូបដោយស្មើភាព មិនថាជាអ្នកជំងឺបង់ថ្លៃដោយខ្លួនឯង អ្នកជំងឺមានប័ណ្ណ ប.ស.ស ឬប័ណ្ណក្រីក្រ (មូលនិធិសមធម៌)។ ចំពោះអ្នកជំងឺដែលខ្វះលទ្ធភាព និងមិនទាន់មានប័ណ្ណក្រីក្រ ត្រូវពិចារណាលើកលែងការបង់ថ្លៃ។ 

៣) ចំពោះជនបរទេស ដែលមកធ្វើធុរកិច្ចនៅកម្ពុជា ជាទេសចរណ៍ ធ្វើការងាររយៈពេលខ្លី មធ្យម ឬវែង ត្រូវលើកទឹកចិត្តឱ្យជនបរទេសដែលរស់នៅ ធ្វើការ ឬទេសចរណ៍ក្នុងប្រទេសកម្ពុជា មានការធានារ៉ាប់រងសុខភាពគ្រប់កម្រិត ដើម្បីធានាដល់ការថែទាំ និងគ្រប់គ្រងហានិភ័យសុខភាពដែលអាចកើតឡើងជាយថាហេតុ។ ក្នុងករណីអ្នកជំងឺបរទេសខ្វះការគាំទ្រពីគ្រួសារ មន្ទីរពេទ្យត្រូវទទួលបន្ទុកមើលថែ និងព្យាបាលឱ្យអស់ពីលទ្ធភាព រហូតដល់ដំណាក់កាលចុងក្រោយ។

៤) កិច្ចសហការជិតស្និទ្ធជាមួយស្ថានទូត ដោយមន្ទីរពេទ្យត្រូវបន្តសហការជាមួយស្ថានទូតនានា ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺបរទេស ជាពិសេសករណីសង្គ្រោះបន្ទាន់។ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំបម្រើសេវាប្រកបដោយសមធម៌  មិនឱ្យនរណាម្នាក់មិនទទួលបានការថែទាំ ព្យាបាលនោះទេ (No one left behind) ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលមានធុរៈសុខភាពនៅក្នុងទឹកដីកម្ពុជារបស់យើង ហើយស្ថានទូតសូមសម្របសម្រួលកិច្ចការនេះ។

៥) ការពង្រឹងការគ្រប់គ្រង និងការទំនាក់ទំនង៖ មន្ដ្រីរាជការ និងបុគ្គលិកត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម ហើយត្រូវធានាថាការវាយតម្លៃស្ថានភាពអ្នកជំងឺ និងការផ្តល់ព័ត៌មានមានភាពច្បាស់លាស់ និងត្រឹមត្រូវតាមជាក់ស្តែងហើយចៀសវាងការខ្វះចន្លោះជាយថាហេតុណាមួយ  ឬការទំនាក់ទំនងមិនច្បាស់ ដែលអាចបណ្ដាលឱ្យមានការយល់ច្រឡំ និងការសន្និដ្ឋានមួយមិនជាក់ស្ដែងទៅតាមស្ថានភាព និងរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម។

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីរាជការ និងបុគ្គលិកដែលបានខិតខំបំពេញការងារកន្លងមក។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅផ្នែកសំខាន់ៗ រួមមាន ផ្នែកទទួលជំងឺដំបូង (Emergency ) ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ (ICU) ផ្នែកវះកាត់ទូទៅ និងផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ (OPD)។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ចំពោះការលះបង់កន្លងមក និងបានជំរុញឱ្យគណៈកម្មការមន្ទីរពេទ្យបន្តផ្សព្វផ្សាយ ដល់គ្រប់ផ្នែកទាំងអស់ អនុវត្តតាមការណែនាំនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17