Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រពង្រឹងបន្ថែម ផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យបង្អែក នៅខេត្តពោធិ៍សាត់
ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦

ខេត្ដពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូបង្គោលមន្ទីរពេទ្យជាតិ ចុះអភិបាលគាំទ្រពង្រឹងសមត្ថភាពបន្ថែម ផ្នែកសង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យបង្អែកភ្នំក្រវ៉ាញ និងមន្ទីរពេទ្យបង្អែកកណ្ដៀង ក្នុងខេត្តពោធិ៍សាត់។

គោលបំណងនៃការចុះអភិបាលគាំទ្រនេះ ដើម្បីពិនិត្យវឌ្ឍនភាព និងគាំទ្រលើសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដា នៃប្រព័ន្ធបញ្ជូនអ្នកជំងឺរួមមាន៖

១)ត្រួតពិនិត្យនីតិវិធីនៃការបញ្ជូនអ្នកជំងឺ

២)បង្កើនការទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា

៣)ការគ្រប់គ្រង និងថែទាំរថយន្តគិលានសង្គ្រោះ ត្រូវត្រួតពិនិត្យជាប្រចាំ

៤)ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពាក់ព័ន្ធដទៃទៀត ត្រូវត្រួតពិនិត្យសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងឱសថជាប់ជាប្រចាំ

៥)បណ្តុះបណ្តាលធនធានមនុស្ស ក្នុងផ្នែកសង្រ្គោះបន្ទាន់ និងក្រុមរថយន្តគិលានសង្រ្គោះ ដោយត្រូវបណ្តុះបណ្តាលជាប់ជាបន្ត 

៦)ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាពិសេសចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺក្នុងសហគមន៍ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានផ្តល់ការណែនាំបង្ហាត់បង្ហាញទៅដល់ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ និងបានចូលរួម ពិនិត្យផ្តល់យោបល់ក្នុងការពង្រឹងសមត្ថភាព និងគុណភាពនៃការបម្រើសេវា ក៏ដូចជាការផ្តល់យោបល់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ដើម្បីឱ្យកាន់តែមានសោភ័ណភាព និងអនាម័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ការចុះពិនិត្យនេះ មានការចូលរួមសម្របសម្រួលពី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក ព្រមជាមួយលោកសាស្រ្តាចារ្យ ដែលជាគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10