កូឡាឡាំពួរ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចូលរួមកិច្ចប្រជុំ ស្តីពីការបង្កើតផែនការសកម្មភាពរួម ក្នុងវិស័យសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ (Collective Development Meeting and Workshop of the Work Programs 2026-2030 of the ASEAN Health Sector) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
គោលបំណងនៃកិច្ចប្រជុំរូមមាន៖ ១)ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមនានា និងឱកាស នៃផែនការសកម្មភាព (២០២១-២០២៥) ២)បង្កើតសេចក្តីព្រាងផែនការសកម្មភាព (២០២៦-២០៣០) សម្រាប់អាទិភាពសុខាភិបាលអាស៊ាន នៃក្រុមការងារទាំង៤ (ASEAN Health Cluster-AHCs) ៣)កំណត់អាទិភាពអន្តរកម្មវិធី ឬអន្តរវិស័យ (Cross-cutting priorities) សម្រាប់កិច្ចសហការប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៤)ពិនិត្យ និងធ្វើបច្ចុប្បន្នភាពនីតិវិធី នៃការចូលរួម របស់ដៃគូនានាជាមួយវិស័យសុខាភិបាល។
សូមគូសបញ្ជាក់ថា លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំនេះ គឺការប្រមូលព័ត៌មាន និងរៀបចំឯកសារពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល ក្នុងក្របខណ្ឌអាស៊ាន សម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នាពេលឆាប់ៗខាងមុខ។
សិក្ខាសាលាមានរយៈពេល៤ថ្ងៃ ត្រូវបានរៀបចំដោយម្ចាស់ផ្ទះម៉ាឡេស៊ី និងជាប្រធានអាស៊ានវិស័យសុខាភិបាល ឆ្នាំ២០២៥-២០២៦ និងមានការអញ្ជើញចូលរួមពីប្រទេសសមាជិកអាស៊ាន ទាំង១១គឺ៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃឡង់ដ៍ ទីម័រឡេស្តេ និងវៀតណាម និងលេខាធិការដ្ឋានអាស៊ានវិស័យសុខាភិបាល។