រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Sho Sato នាយកអង្គការបេះដូងជប៉ុន (Japan Heart) ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងប្រគល់-ទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការបេះដូងជប៉ុន ដែលបាន និងកំពុងរួមចំណែកគាំទ្រវិស័យសុខាភិបាល ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់បរិក្ខារវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យសាធារណៈនានា។ ឯកឧត្តមសាស្ត្រាចារ្យ បានរំលឹកថាប្រទេសជប៉ុន អង្គការសប្បុរសធម៌ជប៉ុន និងប្រជាជនជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានជម្រាបជូនប្រតិភូអង្គការ អំពីវឌ្ឍនភាពវិស័យសុខាភិបាល និងផែនការអាទិភាពសុខាភិបាល ដែលបានដាក់ចេញ សំដៅជំរុញការបម្រើសេវាសុខភាព ឱ្យកៀកខិតទៅរកប្រជាជន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
លោកស្រីនាយកអង្គការបានជម្រាបជូនថា អង្គការបានចាប់ផ្តើមចូលរួមផ្តល់សេវាសុខាភិបាល នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ តាមរយៈការចុះផ្តល់សេវាផ្ទាល់នៅតាមតំបន់ដាច់ស្រយ៉ាល និងបណ្តុះបណ្តាលបច្ចេកទេសវេជ្ជសាស្ត្រ ជូនបុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យសាធារណៈនានា។ គួរកត់សម្គាល់ថា អង្គការបេះដូងជប៉ុន បានបង្កើតអគារសេវាជំងឺទូទៅមនុស្សចាស់ សម្ភព និងជំងឺកុមារ នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ចាប់តាំងពីឆ្នា២០១៥ និងបានចាប់ផ្តើមបម្រើសេវាជំងឺកុមារ និងមហារីកនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល នាពេលថ្មីៗនេះផងដែរ។
ថ្ងៃនេះអង្គការបាននាំមកនូវអំណោយជាសម្ភារ បរិក្ខារសង្គ្រោះបន្ទាន់ ទទួលបានពីក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រជប៉ុន មានតម្លៃទឹកប្រាក់ប្រមាណ ១៥៤ ៨៣៨ ដុល្លារសហរដ្ឋអាមេរិក ដែលអាចយកតាមខ្លួនទៅសង្គ្រោះអ្នកជំងឺនៅតាមតំបន់រងគ្រោះនានា តំបន់ដាច់ស្រយ៉ាល ឬសម្រាប់បម្រើក្នុងការការពារសុខភាពជូនសាធារណជន ក្នុងពិធីផ្សេងៗបាន។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការបេះដូងជប៉ុន និងក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រជប៉ុន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លា និងមានបច្ចេកវិទ្យាខ្ពស់សម្រួលក្នុងការសង្គ្រោះបន្ទាន់ផ្សេងៗនាពេលនេះ។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តក្រុមការងារសង្គ្រោះបន្ទាន់ របស់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ខិតខំរៀនសូត្រ និងអនុវត្តវិធីប្រើប្រាស់ឧបករណ៍ទាំងអស់នេះឱ្យបានច្បាស់លាស់ ប្រើប្រាស់ និងថែរក្សាឱ្យបានល្អសម្រាប់ប្រសិទ្ធភាព នៃការបម្រើសេវាសង្គ្រោះបន្ទាន់ចាំបាច់។