រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF) រួមជាមួយក្រុមការងារបណ្តាញ Asia Pacific Hospice Palliative Care Network (APHN) ដឹកនាំដោយលោកស្រី Claire Robaye នាយកអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែនប្រចាំប្រទេសកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សាការងារអំពីកិច្ចសហការរវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន ក្នុងការគាំទ្រការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការកែលម្អការថែទាំអ្នកជំងឺ ជាពិសេសក្នុងវិស័យមហារីក និងការថែទាំព្យាបាលសម្រន់ (palliative care)។
ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះអង្គការ ដែលបានបន្តការសហការជាមួយក្រសួងសុខាភិបាល ជាបន្តបន្ទាប់។ ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានគូសរំលេចអំពីវឌ្ឍនភាព នៃការរីកចម្រើនវិស័យសុខាភិបាលក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល អាណត្តិទី៧។
លោកស្រី Claire Robaye បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងសុខាភិបាល និងដៃគូសុខាភិបាលនានា ដោយក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ បានអនុញ្ញាតឱ្យអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន ធ្វើការជាដៃគូយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធជាតិ ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលជាតិ ហើយអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន នៅតែបន្តប្តេជ្ញាចិត្តគាំទ្រនូវសកម្មភាពនានា របស់ក្រសួងសុខាភិបាល ក្នុងការខិតខំប្រឹងប្រែង ធ្វើឱ្យប្រជាជនទូទាំងប្រទេសអាចប្រើប្រាស់សេវាសុខាភិបាល ដែលមានគុណភាព ប្រសិទ្ធភាព និងសមធម៌។
ជាទិសដៅបន្ត ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត និងស្នើឱ្យអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន ព្រមទាំងក្រុមការងារបណ្តាញ Asia Pacific Hospice Palliative Care Network (APHN) បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ជាមួយក្រុមការងារនាយកដ្ឋានជំនាញ នៃក្រសួងសុខាភិបាល និងមន្ទីរពេទ្យជាតិនានា ដែលអាចនាំឱ្យមានវឌ្ឍនភាព ក្នុងការពង្រីកវិសាលភាព នៃការទទួលបានសេវាថែទាំព្យាបាលសម្រន់ និងការគ្រប់គ្រងការឈឺចាប់ ការពង្រឹងសមត្ថភាពអ្នកជំនាញ និងបង្កើនការចូលរួម របស់សហគមន៍ដើម្បីរួមចំណែកក្នុងការកាត់បន្ថយអត្រាជំងឺមិនឆ្លងនៅកម្ពុជា ដែលស្របទៅតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។