រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) រួមជាមួយលោកស្រី Andrea Godon ប្រធានគ្រប់គ្រងគម្រោងនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ទីស្នាក់ការកណ្តាល (KfW) បានសហដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពគម្រោង និងការត្រៀមរៀបចំពិធីប្រកាសការដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សា និងពិនិត្យទៅលើ៖ ១)ទិដ្ឋភាពទូទៅនៃវឌ្ឍនភាពគម្រោង បញ្ហាប្រឈមនានា និងដំណាក់កាលចាប់ផ្តើមគម្រោង (Inception Phase) ២)របាយការណ៍វឌ្ឍនភាព នៃការរៀបចំពិធីប្រកាស ការដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា។
កិច្ចប្រជុំនេះ បានពិភាក្សាលើការវាយតម្លៃវឌ្ឍនភាព នៃដំណាក់កាលចាប់ផ្តើមគម្រោងសុខភាពតែមួយ (OH4CAM) រយៈពេល ៦ ខែដំបូង ព្រមទាំងការសម្របសម្រួលក្នុងការរៀបចំពិធីប្រកាសការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ លើសពីនេះ អង្គប្រជុំបានកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពខ្ពស់ ក្នុងការអនុវត្តគម្រោងពេញលេញនាពេលអនាគត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) ក្រុមការងារតំណាងក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងលោក លោកស្រី តំណាងមកពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH ។