Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ និងមូលនិធិសមធម៌សុខាភិបាល នៅថ្នាក់ក្រោមជាតិ
ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ និងមូលនិធិសមធម៌សុខាភិបាល នៅថ្នាក់ក្រោមជាតិ និងមានការប្រគល់ជូននូវ Speaker ចំនួន៩ គ្រឿង ដល់មន្ទីរសុខាភិបាល ទាំង៩ សម្រាប់បម្រើការងារចុះផ្សព្វផ្សាយពីការផ្ដល់សេវា និងការអប់រំសុខភាពផ្សេងៗ នៅក្នុងសហគមន៍ រៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព គាំទ្រថវិកាដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

១.ការផ្លាស់ប្តូរបទពិសោធន៍ បើកឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តផ្ទាល់នៅតាមបណ្តាខេត្ត-ក្រុង បានចែករំលែកនូវចំណុចខ្លាំង និងមេរៀន ដែលទទួលបានពីការអនុវត្តជាក់ស្តែង

២.ការកំណត់បញ្ហាប្រឈម ពិភាក្សាលើចំណុចខ្វះខាត និងឧបសគ្គនានា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា

៣.ការពង្រឹងកិច្ចសហការ បន្តពង្រឹងចំណងសាមគ្គីភាព រវាងក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ ដើម្បីធានានិរន្តរភាពនៃកម្មវិធី។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវនាយកគម្រោង បានមានប្រសាសន៍ថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា របស់យើងនឹងត្រូវឈានដល់ការបិទបញ្ចប់នាពេលខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់នៃគម្រោងមិនមែនមានន័យថា ជាការបញ្ចប់នៃសកម្មភាពរបស់យើងនោះទេ។ ផ្ទុយទៅវិញ វាគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់យើងក្នុងការ៖

-បូកសរុប និងវាយតម្លៃ យើងត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់នូវសមិទ្ធផលដែលសម្រេចបាន និងចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ដើម្បីទុកជាមេរៀនដ៏មានតម្លៃសម្រាប់កម្មវិធីជាតិទៅថ្ងៃអនាគត

-ធានានូវនិរន្តរភាព អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺធ្វើយ៉ាងណាឱ្យយន្តការនៃការគាំទ្រដល់ស្រ្តី និងកុមារនៅតាមឃុំ-សង្កាត់ និងការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល នៅតែអាចដំណើរការទៅមុខបានយ៉ាងរលូន ទោះបីជាគ្មានការគាំទ្រផ្ទាល់ពីគម្រោងក៏ដោយ

-ការផ្ទេរ និងការទទួលខុសត្រូវ យើងត្រូវពង្រឹងសមត្ថភាព ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីអនុវត្តផ្ទាល់ ឱ្យមានម្ចាស់ការពេញលេញក្នុងការបន្តបេសកកម្មនេះ ដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ នៅតែទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌។

សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី Chiho Suziki តំណាងធនាគាពិភពលោក លោក សុផា រតនា តំណាង GFF លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តទាំង៩ ឯកឧត្តមប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល  នៃរដ្ឋបាលខេត្តទាំង៩ និងលោក លោកស្រី ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង២៣ ថ្នាក់ដឹកនាំ និងមន្ត្រី មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ជាអ្នកសម្របសម្រួលបច្ចេកទេស និងទីប្រឹក្សាសម្របសម្រួលខេត្ត សរុបចំនួន ១៣៧នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19