Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នាលើកទី៣ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងទី៣ នៃស.វ.ស លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នាលើកទី៣ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចី (EDCF Loan) របស់សាធារណរដ្ឋកូរ៉េ។ 

កិច្ចប្រជុំនេះ បានផ្តោតលើការពិនិត្យវឌ្ឍនភាពរួមគ្នា លើការងារសាងសង់ ការងារបណ្តុះបណ្តាល ការងារផ្គត់ផ្គង់បរិក្ខារពេទ្យ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច ជាពិសេសការងារសម្របសម្រួល និងការដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីជម្រុញឱ្យគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រព្រឹត្តទៅដោយជោគជ័យ។

ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារតាមកិច្ចសន្យា ឱ្យទទួលបានជោគជ័យ និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងពេលរដូវវស្សា ដែលអាចមានការជន់លិច ហើយប៉ះពាល់ដល់ដំណើរការសាងសង់ និងការបំពាក់បរិក្ខារពេទ្យជាដើម។

គួរជម្រាបថាគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥៧,៤៤%។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល​ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោក KooBonhyun នាយកប្រចាំប្រទេសរបស់ Korean Exim Bank ក្រុមការងារអញ្ជើញមកពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់ ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់ និងក្រុមការងារក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារពេទ្យនិងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច សរុប ៣៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16