រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ជាអធិបតីរួមជាមួយលោក Christof WEIGELMEIER អនុប្រធានបេសកកម្មការទូត និងជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា (Launch of the One Health for Cambodia Project-OH4CAM)។
ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១) ការកសាងក្របខណ្ឌគោលនយោបាយ និងអភិបាលកិច្ច៖ បង្កើតក្របខណ្ឌនីតិប្បញ្ញត្តិ រចនាសម្ព័ន្ធអភិបាលកិច្ច សេចក្ដីណែនាំបច្ចេកទេស និងយន្តការហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលកិច្ចសហការអន្តរវិស័យ និងការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតបចំពោះ Antimicrobial Resistance (AMR), Zoonotic Diseases (ZD) និង Emerging Infectious Diseases (EID) ។
២) ការពង្រឹងសមត្ថភាព និងប្រព័ន្ធឌីជីថល៖ លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងវេទិកាឌីជីថលទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការឆ្លើយតបបន្ទាន់។
៣) ការធ្វើទំនើបកម្មប្រព័ន្ធអង្កេតតាមដាន និងមន្ទីរពិសោធន៍៖ អនុវត្តកម្មវិធីអង្កេតតាមដានឆ្លើយតប និងធ្វើទំនើបកម្មមន្ទីរពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពវិភាគ និងរកឃើញមេរោគ ព្រមទាំងតាមដាននិន្នាការនៃការរីករាលដាលជំងឺ ចាប់ពីកម្រិតសហគមន៍រហូតដល់ថ្នាក់ជាតិ។
៤) ការលើកកម្ពស់ការយល់ដឹង និងភាពជាដៃគូ៖ អនុវត្តកម្មវិធីទំនាក់ទំនង និងកសាងបរិយាកាសអំណោយផល ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពី AMR និងការជំរុញការអនុវត្តក្របខណ្ឌ «សុខភាពតែមួយ» ឱ្យមានប្រសិទ្ធភាពសម្រាប់បុគ្គលគ្រប់រូប។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសាស្ត្រាចារ្យ សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលនៃគណៈអភិបាលខេត្តគោលដៅ ព្រមទាំងតំណាងស្ថានទូតបារាំង និងដៃគូអភិវឌ្ឍន៍រួមមាន៖ KfW, WHO, FAO, CIRAD, IPC, IRD, ADB, វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងស្ថាប័នពាក់ព័ន្ធ។