Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុង ខេត្តព្រៃវែង ជុំទី៣
ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តព្រៃវែង ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា។ 

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើមណ្ឌលសុខភាព ដែលមានពិន្ទុទាប ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ដែលកើតឡើង និងរកដំណោះស្រាយ ធ្វើយ៉ាងណាជម្រុញមណ្ឌលសុខភាព នៅមានកម្រិតទៅមធ្យម  ពីមធ្យមទៅល្អ និងរក្សានិរន្តរភាពមណ្ឌលសុខភាពគំរូ។ 

ជាលទ្ធផលក្រុមការងារសង្កេតឃើញថាមណ្ឌលសុខភាពភាគច្រើនបានកែលម្អបានយ៉ាងល្អប្រសើរ ទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងក្រៅ រួមមានការរក្សាអនាម័យ ការរៀបចំទុកដាក់សម្ភារៈ បរិក្ខារ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ការពង្រឹងបន្ថែមទៅលើបច្ចេកទេស ការគ្រប់គ្រងឱសថ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្តេនការពេញចិត្តពីអតិថិជន ការស្លៀកពាក់ឯកសណ្ឋានពេទ្យបានស្អាត មានកាតសម្គាល់ខ្លួនបានត្រឹមត្រូវ ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលក្រុង ស្រុក លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង គ្រប់ជាន់ថ្នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19