ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) នៅក្នុងខេត្តស្វាយរៀង។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀន នៅក្នុងមន្ទីរពេទ្យខេត្ត(CPA3) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2)
៥)ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យខេត្ត(CPA3) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យខេត្ត(CPA3) មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) នៅក្នុងខេត្តស្វាយរៀង ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារ ក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃក្នុង/សប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា មូមដ្ឋានសុខាភិបាល ដែលបានចុះអភិបាលមានដូចជា ឃ្លាំងឱសថមន្ទីរពេទ្យខេត្តស្វាយរៀង កម្រិត(CPA3) ឃ្លាំងឱសថមន្ទីរពេទ្យរមាសហែក កម្រិត(CPA2) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល កម្រិត(CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកជីភូ កម្រិត(CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្វាយទាប កម្រិត(CPA1) និងឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្វាយជ្រំ កម្រិត(CPA1)។