Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ស្នើបង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិត ជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត (PHD) នៅសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន»
ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) នៃសាកលវិទ្យាល័យណាហ្គោយ៉ា (ប្រទេសជប៉ុន)។

គោលបំណងនៃជំនួបនេះ គឺដើម្បីជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program តាំងពីបង្កើតមកមានរយៈពេល ២២ឆ្នាំហើយ បានបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាមន្ត្រីរាជការ ចំនួន ២៥រូប ក្នុងនោះវិស័យសុខាភិបាល មានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំលើការងារនេះជាបន្ត។

លោកស្រីសាស្រ្តាចារ្យ បានជម្រាបជូនថា លើកនេះខ្ញុំបានទៅទស្សនាមន្ទីពេទ្យចំនួនពីរ ខ្ញុំមានក្តីរំភើបជាពន់ពេកដោយ “ខ្ញុំកត់សំគាល់ថាវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល បើប្រៀបធៀបទៅនឹងមុនពេលរីករាតត្បាតនៃជំងឺកូវីដ-១៩” ជាអនេក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថា វឌ្ឍនភាពវិស័យសុខាភិបាល ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងគាំទ្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ ដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាពិសេសមន្ត្រីក្រសួងសុខាភិបាល និងបានលើកជាសំណូមពរសម្រាប់កម្មវិធីនាពេលអនាគត សូមពិចារណាក្នុងការបង្កើនចំនួននិស្សិតដែលត្រូវបណ្តុះបណ្តាល ជាពិសេសវគ្គបណ្តុះបណ្តាលបណ្ឌិត (PHD) ដើម្បីពង្រាយមន្ត្រីដែលបានសិក្សាផ្នែកសុខភាពសាធារណៈ ព្រមទាំងបានទទួលវប្បធម៌ ដ៏ល្អរបស់ជនជាតិជប៉ុន ទៅកាន់មន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។

លោកស្រីសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តសាកលវិទ្យាល័យ និងកោតសរសើរវប្បធម៌របស់ជប៉ុន ជាមួយគ្នានេះ លោកស្រីសាស្រ្តាចារ្យ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមតាមរយៈកម្មវិធី Young Leaders’ Program តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7