រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណរុំ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស និងផ្ទៀងផ្ទាត់ផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (CamDHEA Blueprint) ដែលរៀបចំដោយ នាយកដ្ឋានសុខាភិបាលឌីជីថល និងគាំទ្របច្ចេកទេសដោយ អង្គការសុខភាពពិភពលោក (WHO) នៅសណ្ឋាគារសាន់វ៉េ។
សិក្ខាសាលានេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទំនើបកម្មប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។ ការរៀបចំផែនការមេ CamDHEA គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីប្រែក្លាយចក្ខុវិស័យយុទ្ធសាស្ត្រថ្នាក់ជាតិ ឱ្យទៅជា "ផែនទីបង្ហាញផ្លូវអនុវត្តជាក់ស្តែង" សំដៅធានាឱ្យបាននូវប្រព័ន្ធព័ត៌មានសុខាភិបាលមួយដែលមានអន្តរប្រតិបត្តិការ រហ័ស និងមានសុវត្ថិភាពខ្ពស់។
វេទិកានេះ បានប្រមូលផ្តុំនូវអ្នកជំនាញបច្ចេកទេសទាំងពីថ្នាក់ក្រសួង នាយកដ្ឋាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរួមគ្នា៖
-ពិនិត្យយ៉ាងម៉ត់ចត់ និងផ្ទៀងផ្ទាត់លើវិធីសាស្ត្របច្ចេកទេសដែលបានដាក់ស្នើ
-កំណត់ឱ្យបានច្បាស់លាស់នូវទំនាក់ទំនងការពឹងផ្អែកគ្នា (Dependencies) រវាងប្រព័ន្ធ និងប្រព័ន្ធ
-ធានាថា ផែនការមេដែលបានរៀបចំឡើង ពិតជាមានភាពជាក់ស្តែង មានចីរភាព និងស្របទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសមត្ថភាពបច្ចុប្បន្នរបស់កម្ពុជា។
ជាលទ្ធផល អង្គសិក្ខាសាលារំពឹងថានឹងទទួលបាននូវ ឯកសារផែនការមេ CamDHEA ដែលមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសៀវភៅណែនាំអនុវត្តបច្ចេកទេស ដើម្បីធ្វើជាត្រីវិស័យផ្លូវការសម្រាប់អនុវត្តការងារបន្ត។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយមានការចូលរួមទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួន ៥១រូប។