Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលគោលបំណងនៃជំនួប គឺការណែនាំខ្លួនរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ពិសេសគឺកិច្ចពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលបានអភិវឌ្ឍយ៉ាងល្អប្រសើរ នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា វិស័យសុខាភិបាលកម្ពុជា បាន និងកំពុងបន្តអភិវឌ្ឍក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងសុខភាពសាធារណៈ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការលើកកម្ពស់សេវាសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍបរិវត្តិកម្មសុខាភិបាលឌីជីថល និងការពង្រឹងធនធានមនុស្ស។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការសហការបន្ថែមជាមួយភាគីសិង្ហបុរី ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ លើវិស័យសុខាភិបាល ដូចជា ការសង្គ្រោះបន្ទាន់ ជំងឺឆ្លង និងការគ្រប់គ្រងមន្ទីរពិសោធន៍ និងសុខាភិបាលឌីជីថល។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសុខាភិបាល និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាសុខាភិបាល។

ជំនួបនេះ បានបញ្ចប់ដោយភាពស្និទ្ធស្នាល កក់ក្តៅនិ ងប្រកបដោយការតាំងចិត្តពង្រីកសមត្ថភាពបន្ថែមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20