Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅទីស្តីការក្រសួងមហាផ្ទៃ។

តាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧ ៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្តចំនួន ១៨ ៩៨៧គ្រឿង ស្នើនឹង ៤០%។  ទន្ទឹមនឹងនេះ គ្រោះថ្នាក់កើតឡើងសរុប ២ ៣៤៥លើក  (យប់៥៨%) បណ្តាលឱ្យស្លាប់ ១ ៤៦៧នាក់ និងរបួស ៣ ២១៣នាក់ (ធ្ងន់១ ៨៦៩នាក់)។ បើធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៨% ចំនួនអ្នកស្លាប់ថយចុះ ៣% និងចំនួនអ្នករបួសថយចុះ ១៤%។

ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ចំនួនអ្នកស្លាប់ និងអ្នករងរបួស មានការថយចុះ ដែលសមិទ្ធផលនេះ កើតចេញពីកិច្ចសហការយ៉ាងប្រសើរ និងភាពសកម្មរបស់មន្ត្រីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាច្រើនរូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9