រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតលើកទី១ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៅទីស្តីការក្រសួងទេសចរណ៍។
គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំលើកដំបូងនេះ រួមមាន៖ ១)បង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ២)ស្តាប់របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការ ៣)ពិនិត្យលទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតលើកទី៤ សុពលភាពឆ្នាំ២០២៦-២០២៩ មុនគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចចុងក្រោយ និង៤)ពិនិត្យលើសកម្មភាពការងារមួយចំនួន ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៦ នេះ។
ឯកឧត្តមប្រធាន ក៏បានជម្រាបជូនបន្ថែមថា លទ្ធផលនៃការវាយតម្លៃទីក្រុងស្អាតនេះមានសូចនាករគោល ចំនួន ៧ សូចនាករលម្អិត ចំនួន ៤១ និងលក្ខណវិនិច្ឆ័យ ចំនួន ១១៣ ហើយត្រូវបានអនុវត្តផ្អែកលើស្តង់ដាទីក្រុងស្អាត និងផ្អែកលើអភិក្រម ចំនួន ៣ គឺ ទី១-ពិនិត្យលើសមិទ្ធផលកន្លងមក ដែលទទួលបានពីការវាយតម្លៃទីក្រុងស្អាតលើកទី៣ ពោលគឺផ្អែកលើការសន្និដ្ឋានជាមុនថា ការអភិវឌ្ឍរបស់ក្រុង ខណ្ឌបេក្ខភាពត្រូវដើរឆ្ពោះទៅមុខ មិនដើរថយក្រោយ ទី២-ពិនិត្យលើឯកសារភ្ជាប់ថ្មីៗបន្ថែមទៀតដែលផ្តល់ជូនដោយក្រុង-ខណ្ឌបេក្ខភាព និងទី៣-ការពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀតទៅតាមសូចនាករនីមួយៗ។