Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ពិនិត្យសម្រេចលើលទ្ធផល នៃការអនុវត្តការចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. និងវិធានការអនុវត្តបន្ត
ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ) បានចូលរួមកិច្ចប្រជុំពិនិត្យសម្រេចលើលទ្ធផល នៃការអនុវត្តការចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. និងវិធានការអនុវត្តបន្ត នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ គឺ៖ (១)ការពិនិត្យនិងសម្រេចលើលទ្ធផល នៃការវាយតម្លៃនៅទីតាំងជាក់ស្តែង របស់បេក្ខភាពជ័យលាភីអង្គភាពគំរូ ឆ្នាំ២០២៥ (២)ការពិនិត្យ និងសម្រេចលើការអនុវត្តនីតិវិធីវាយតម្លៃបន្ត រួមមាន កាលបរិច្ឆេទនៃការរៀបចំ និងវិធីសាស្ត្រនៃការវាយតម្លៃ (៣)ការកំណត់អង្គភាពគោលដៅ សម្រាប់ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៧ (៤)បញ្ហាផ្សេងៗ៖ ការស្នើសុំផ្តល់ការដំឡើងថ្នាក់១ថ្នាក់ ជាករណីពិសេស ជូនដល់អ្នកគ្រប់គ្រង និងមន្ត្រីនៃអង្គភាពជ័យលាភី ដែលបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅអង្គភាពដទៃ។

ក្រោយកិច្ចពិភាក្សា គ.វ.ជ. បានសម្រេចលទ្ធផលទៅតាមពិន្ទុ និងចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ សម្រាប់អនុវិទ្យាល័យចំនួន១០ អង្គភាព សាលាបឋមសិក្សាចំនួន១០ អង្គភាព និងមណ្ឌលសុខភាពចំនួន ១០ អង្គភាព។ ក្នុងចំណោម ១០អង្គភាពតាមគោលដៅនីមួយៗ គ.វ.ជ ក៏បានសម្រេចយកអនុវិទ្យាល័យចំនួន ៥ សាលាបឋមសិក្សាចំនួន ៥  និងមណ្ឌលសុខភាពចំនួន៥ ដោយចាប់ពីលេខ១ ដល់លេខ៥ ដើម្បីដាក់ឱ្យ គ.វ.ជ. ពិនិត្យ និងវាយតម្លៃចុងក្រោយបន្តទៀត នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់អង្គភាពគោលដៅត្រូវពិនិត្យ វាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូ សម្រាប់ឆ្នាំ២០២៧ គឺ វិទ្យាល័យសម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកកម្រិត១ និងមន្ទីរពេទ្យបង្អែកកម្រិត២ សម្រាប់វិស័យសុខាភិបាល ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិការ នៃ គ.វ.ជ រួមទាំងសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5