Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពង្រឹងសមត្ថភាពលើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក
ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងដឹកនាំសិក្ខាសាលាពង្រឹងសមត្ថភាពលើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះមានគោលបំណងក្នុងការជំរុញការងារ និងដោះស្រាយបញ្ហាប្រឈម ទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច ដែលបង្កឡើងដោយការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលដៅចម្បងគឺដើម្បីពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ លេីការអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក បណ្តាលឱ្យប៉ះពាល់សុខភាព បង្កឱ្យមានជំងឺមិនឆ្លងនានា រួមមានជំងឺបេះដូង ជំងឺសួត ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ជាដើម។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក គឺជាបេសកកម្មសង្គ្រោះជីវិតមនុស្ស ហើយតាមរយៈការពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកនេះ យើងរួមគ្នាការពារសុខភាព និងធ្វើឱ្យមូលធនមនុស្សមានសុខភាពល្អ រូមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅកាន់ទីក្រុង សាលារៀន និងប្រទេសជាតិ គ្មានផ្សែងបារី និងគ្មានបារីអេឡិចត្រូនិច។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងសមាសភាពសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) និងអ្នកជំនាញអន្តរជាតិមកពីអង្គការ SEATCA ប្រទេសហ្វីលីពីន សរុបចំនួន ៣៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14