រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការប្រមូលធាតុចូល ដើម្បីធ្វើឱ្យប្រសើរឡើងលើឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្ដុះបណ្ដាលវិស័យសុខាភិបាល (ផ្ដោតលើកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក) ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល សហការឧបត្ថម្ភដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីពិនិត្យ និងកែសម្រួលឧបករណ៍វាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល (ផ្ដោតលើកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក) និងធានាថាឧបករណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល យកទៅអនុវត្តតាមស្ដង់ដានីមួយៗ ក្នុងការធានាបាននូវគុណភាពនៃការបណ្ដុះបណ្ដាល។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ទាំងសាធារណៈ និងឯកជន លោកស្រីនាយិកាគម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាព (ISPH-II) ព្រមទាំងសហការី តំណាងគណៈគិលានុបដ្ឋាកកម្ពុជា និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦០នាក់។