ខេត្តកំពត៖ ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ប្រកបដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ឱ្យគិលានុបដ្ឋាក និងឆ្មបនូវដំណេះដឹងបន្ថែមលើការសង្គ្រោះបឋម ទៅលើស្ត្រីមានផ្ទៃពោះ ទារកទើបនឹងកើត កុមារ និងមនុស្សធំ នៅក្នុងមូលដ្ឋានសុខាភិបាលថ្នាក់មណ្ឌលសុខភាព តាមរថយន្តគិលានសង្គ្រោះ និងការបញ្ជូនប្រកបដោយសុវត្ថិភាព និងភាពទទួលខុសត្រូវ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំ ដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់រៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះ ព្រោះផ្នែកសង្រ្គោះបឋម គឺជាផ្នែកអាទិភាពជាងគេក្នុងមូលដ្ឋានសុខាភិបាល ក្នុងការជួយសង្រ្គោះជីវិតដំបូង។ ដូចនេះសិក្ខាកាមដែលបញ្ចប់ការបណ្តុះបណ្តាលត្រូវតែអនុវត្តឱ្យបានល្អប្រសើរទៅតាមជំនាញរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ។ វគ្គបណ្តុះបណ្តាលនេះ ជាវគ្គដែលបន្ថែមគុណតម្លៃដល់ខ្លួនឯង ការបង្កើនចំណេះដឹងបន្ថែម សម្រាប់ការព្យាបាលដែលគិតទុកជាមុន ការវាយតម្លៃស្ថានភាពអ្នកជំងឺ និងត្រូវមានផែនការរបស់ខ្លួនក្នុងការព្យាបាល ក៏ដូចជាការបញ្ជូនប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានបទបង្ហាញទ្រឹស្តីចំនួន២ថ្ងៃ និងការអនុវត្តលើម៉ានីកាំងរយៈពេល១ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ដោយលោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត លោកប្រធានមន្ទីរពេទ្យខេត្តកំពត ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប និងសិក្ខាកាមមកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពខេត្តកំពត សរុបចំនួន ៩៨រូប។